កិច្ចប្រជុំបច្ចេកទេសស្តីពី “ការប្រកួតជំនាញអាស៊ានលើកទី ១១” និង “ការដាក់បញ្ចូលកម្មវិធីសិក្សាអាស៊ានតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យ ទេសចរណ៍”

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងធ្វើការរៀបចំកិច្ចប្រជុំបច្ចេកទេសស្តីពី “ការប្រកួតជំនាញអាស៊ានលើកទី ១១” និង “ការដាក់បញ្ចូលកម្មវិធីសិក្សាអាស៊ានតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យ ទេសចរណ៍” នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ២:៣០នាទីរសៀល បន្ទប់២១២ (ជាន់ទី ១)នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីធ្វើការជ្រើសរើសបេក្ខជនចំនួន ០៤រូប ឲ្យចូលរួមប្រកួតជំនាញទេសចរណ៍ (វិញ្ញាសាចុងភៅ និងសេវាកម្មភោជនីយដ្ឋាន) នៅក្នុងកម្មវិធីប្រកួតជំនាញអាស៊ានលើកទី ១១ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៩-២៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃទី២៤២៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងារបច្ចេកទេសក្រសួងទេសចរណ៍ ព្រមទាំងអ្នកជំនាញផ្នែកចុងភៅ និងផ្នែកសេវាកម្មភោជនីយដ្ឋានបានទៅចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទីនៅ ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាលំអិតលើវិញ្ញាសាប្រកួត (Test Project) និងចំនួនបេក្ខជនចូលរួមប្រកួតលើវិញ្ញាសានីមួយៗ ព្រមទាំងការជ្រើសរើសប្រធានគណៈវិនិច្ឆ័យ និងគណៈកម្មការមេប្រយោគ ហើយក្រសួងទេសចរណ៍ក៏បានចេញសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនផងដែរ។

ដើម្បីឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងត្រៀមរៀបចំបេក្ខជនចូលរួមកម្មវិធីប្រកួតជំនាញខាងលើ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១ នៅទីក្រុងកូឡាឡាំពួរ ព្រមទាំងពិភាក្សាលើការងារបច្ចេកទេសសំខាន់ ដើម្បីត្រៀមចូលរួមប្រកួត។ នៅក្នុងកិច្ចប្រជុំនេះ នឹងធ្វើការពិភាក្សាជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ ដែលមានបង្រៀនមុខវិជ្ជាទេសចរណ៍ អំពីការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍អាស៊ាន និងការទទួលស្គាល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀង MRAផងដែរ(គម្មវិធីកិច្ចប្រជុំ) ។

 

 

Be the first to comment on "កិច្ចប្រជុំបច្ចេកទេសស្តីពី “ការប្រកួតជំនាញអាស៊ានលើកទី ១១” និង “ការដាក់បញ្ចូលកម្មវិធីសិក្សាអាស៊ានតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យ ទេសចរណ៍”"

Leave a comment

Your email address will not be published.


*