នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល(Paul Dubrul Hotel and Tourism School) ខេត្តសៀមរាប ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាផ្លូវការអំពីការបណ្តុះបណ្តាលកម្រិតសញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍អាស៊ានជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ច (ASEAN Diploma of Hospitality Management) ស្របតាមយន្តការនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN Mutual Recognition Arrangement on Tourism Professionals) ដល់អតីតសិស្សសាលាប៉ូលឌុយប្រ៊ូល និងអ្នកកំពុងបម្រើការងារឲ្យមកសិក្សាបន្តយកសញ្ញាបត្រខាងលើ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត តំណាងប្រទេសសមាជិកអាស៊ាន ភាគីឯកជន ព្រមទាំងសិស្សានុសិស្សប្រមាណ ៥០០នាក់។
ការបណ្ដុះបណ្ដាលបន្តខាងលើមានរយៈពេល
១ឆ្នាំ តាមស្តង់ដាកម្មវិធីជំនាញទេសចរណ៍អាស៊ាន ដែលក្រសួងទេសចរណ៍បានប្រកាសដាក់ឲ្យប្រើប្រាស់។
សិក្ខាកាមត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាព ទើបអាចចូលសិក្សាបាន។ ពេលបញ្ចប់ការសិក្សា សិក្ខាកាមនឹងទទួលបានសញ្ញាបត្រទទួលស្គាល់ដោយអាស៊ាន និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាពី Group Accord ដែលជាដៃគូ។
ការបណ្តុះបណ្តាលកម្រិតសញ្ញាបត្រគ្រប់គ្រងបដិសណ្ឋាកិច្ចខាងលើនឹងចូលរួមចំណែកគាំទ្រដល់ការបំប៉នសមត្ថភាពអ្នកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ឱ្យមានឱកាសអភិវឌ្ឍជំនាញឈានទៅចាប់យកឱកាសការងារក្នុងទីផ្សារការងារក្នុងប្រទេស និងតំបន់អាស៊ាន។
នាឱកាសនោះ ក៏មានការប្រគល់វិញ្ញាបនបត្រដល់អ្នកជំនាញដែលបានឆ្លងកាត់ការវាយតម្លៃសមត្ថភាពផ្អែកលើបទពិសោធន៍ផងដែរ។
ព័ត៌មានលម្អិតសូមទំនាក់ទំនាក់សាលាសណ្ឋាគារនិងទេសចរណ៍ប៉ូល ឌុយប្រ៊ុល ខេត្តសៀរាបផ្ទាល់៕
Be the first to comment on "ក្រសួងទេសចរណ៍កម្ពុជាបានប្រកាសបើកកម្មវិធីបណ្តុះបណ្តាលបន្ត(Continuous Training)កម្រិតសញ្ញាបត្រវិជ្ជាជីវៈអាស៊ាន ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច (ASEAN Diploma of Hospitality Management) ដំបូងគេក្នុងតំបន់អាស៊ាន"