បុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារជាង ៣០០នាក់ បានឆ្លងកាត់ការវាយតម្លៃសមត្ថភាព និងបទពិសោធន៍ ពីគ្រូបង្គោលជាតិ និងអាស៊ាន តាមយន្តការ “RPL”

(សៀមរាប)៖
គ្រូបង្គោលជាតិ និងអាស៊ាន អមដោយមន្ត្រីជំនាញរបស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានចុះធ្វើការវាយតម្លៃផ្ទាល់ដល់មូលដ្ឋានអាជីវកម្មលើសមត្ថភាព និងបទពិសោធន៍របស់បុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL: Recognition of Prior Learning) និងស្របតាមស្តង់ដាគុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។

ការវាយតម្លៃនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយថ្ងៃទី២៣ នៅសាលាសណ្ឋាគារ សាលាបាយ ថ្ងៃទី២៤-២៥ នៅសណ្ឋាគារបុរីអង្គរ និងថ្ងៃទី២៦-២៧ នៅសណ្ឋាគារសុខាល័យ។ ការវាយតម្លៃផ្តោតលើ ០៣ ដំណាក់កាលរួមមាន៖ សំណួរផ្ទាល់មាត់ សំណួរសរសេរ និងការអនុវត្តផ្ទាល់ លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ផ្នែកការិយាល័យជួរមុខ (Front Office) និងផ្នែកគេហកិច្ច (Housekeeping)។

អនុលោមតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ក្រោមបរិបទនៃសមាហរណកម្មអាស៊ាន ដោយដាក់ចុះនូវផែនការវាយតម្លៃសមត្ថភាពអ្នកដែលកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្ត្រមួយ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកកំពុងបម្រើការងារមានជំនាញច្បាស់លាស់ជាក់លាក់ ហើយអាចអភិវឌ្ឍអាជីពរបស់ខ្លួនតាមវិថីអភិវឌ្ឍជំនាញទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ស្របទៅតាមផែនការយុទ្ធសាស្រ្តដែលបានចែងថា ត្រឹមឆ្នាំ២០២០ អ្នកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ត្រូវមានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈទទួលស្គាល់យ៉ាងតិច ៥០% ២០២៥ សម្រេចឲ្យបាននូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» ពោលគឺអ្នកបម្រើការងារទាំងអស់ត្រូវមានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈទទួលស្គាល់ និងត្រឹមឆ្នាំ២០៣០ សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG4 «ការសិក្សាពេញមួយជីវិត» និង SDG8 «ការងារសមស្រប»។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងអនុវត្តកម្មវិធីសិក្សាតាមស្តង់ដារអាស៊ាន ក្នុងនោះក្រសួងទេសចរណ៍ ដែលមានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ជាសេនាធិការជំនាញ បានពង្រឹងសមត្ថភាពសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រើប្រាស់កម្មវិធីសិក្សាស្តង់ដារអាស៊ានចំនួន ២០ បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប ហើយគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិប្រមាណជាង ៦០០នាក់។ បច្ចុប្បន្ន មានសិស្សដែលបញ្ចប់ការសិក្សាតាមស្តង់ដារអាស៊ាន ចេញពីសាលាបណ្តុះបណ្តាលខាងលើមានចំនួនជាង ៤,០០០នាក់ ដោយទទួលបានការងារ១០០%។

ដោយឡែក ក្រសួងទេសចរណ៍កំពុងដាក់ចុះនូវអភិក្រមបណ្តុះបណ្តាលថ្មីៗផ្សេងទៀត ដូចជាកំពុងរៀបចំឲ្យមានការបណ្តុះបណ្តាលកម្រិតសញ្ញាបត្រមធ្យមសិក្សាវិជ្ជាជីវៈទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយសិស្សសិក្សាក្នុងរយៈពេល៣ឆ្នាំ (ថ្នាក់ទី១០ ១១ និង១២) ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិទ្យាជីវ:ទេសចរណ៍៕

គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃសមត្ថភាព និងបទពិសោធន៍ខាងលើ បេក្ខជនមានអារម្មណ៍សប្បាយរីករាយ បានដឹងកាន់តែច្បាស់ពីសមត្ថភាពពិត និងភាពខ្វះខាតមួយចំនួនរបស់ខ្លួន និងគាំទ្រឲ្យក្រសួងទេសចរណ៍ បន្តរៀបចំយន្តការចុះវាយតម្លៃសមត្ថភាព (RPL) នេះ ឲ្យបានដល់បុគ្គលិកជាច្រើននាក់ទៀតផងដែរ៕

Be the first to comment on "បុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារជាង ៣០០នាក់ បានឆ្លងកាត់ការវាយតម្លៃសមត្ថភាព និងបទពិសោធន៍ ពីគ្រូបង្គោលជាតិ និងអាស៊ាន តាមយន្តការ “RPL”"

Leave a comment

Your email address will not be published.


*