ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិអាស៊ាន ផ្នែកម្ហូបអាហារ និងភេសជ្ជៈ នៃសេវាកម្មសណ្ឋាគារ

នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បាន​រៀបចំ “ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិអាស៊ាន ផ្នែកម្ហូបអាហារ និងភេសជ្ជៈ នៃសេវាកម្មសណ្ឋាគារ នៅសណ្ឋាគារ ណាហ្កាវើល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ សិក្ខាកាម ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ ១៦០នាក់។

កម្មវិធីបណ្តុះបណ្តាលនេះមានគ្រូបង្គោល ដែល​ជាអ្នកជំនាញ​របស់លេខាធិការដ្ឋានអាស៊ាន មកសហការ​បណ្តុះបណ្តាលរួមគ្នាជាមួយគ្រូបង្គោលអាស៊ានកម្ពុជា។ កម្មវិធី​បណ្តុះបណ្តាលគ្រូបង្គោល​នឹងប្រព្រឹត្តទៅ​ចំនួន​០៧ថ្ងៃ ចាប់ពីថ្ងៃទី ០៤-១០ ខែមិថុនា ឆ្នាំ២០១៥ និងកម្មវិធី​បណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលមានចំនួន០៥ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៨ ខែមិថុនា ឆ្នាំ២០១៥ ដែលមានសិក្ខា​កាម​ចំនួន៣០នាក់ នៅក្នុងវគ្គនីមួយៗ។ សិក្ខាកាមដែល​អាចចូលរៀនវគ្គនេះបាន គឺត្រូវមានបទពិសោធន៍ផ្នែក ម្ហូបអាហារ និងភេសជ្ជៈ យ៉ាងតិច០៣ឆ្នាំ និងមានបទ​ពិសោធន៍ក្នុងការបណ្តុះបណ្តាល ពីព្រោះពួកគេនឹងត្រូវមាន​កាតព្វកិច្ចបណ្តុះបណ្តាលបន្តទៅដល់បុគ្គលិក និង​សិស្ស​​របស់ខ្លួននៅតាមស្ថាប័នរៀងៗខ្លួន។ ​​

សូមរំលឹកផងដែរថា វគ្គបណ្តុះបណ្តាលខាងលើជាផ្នែកមួយ នៃផែនការសកម្មភាពរបស់ក្រសួង​ទេសចរណ៍ ក្នុងការអភិវឌ្ឍជំនាញទេសចរណ៍ ស្របតាមស្តង់ដាអាស៊ាន និងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់​គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍​ (MRA) ដើម្បីត្រៀមចូលសមាហរណកម្មអាស៊ាន ដែលនឹង​ប្រកាស​នៅពេលខាងមុខសំដៅបង្កើន និងជម្រុញឲ្យអ្នកជំនាញទេសចរណ៍អាស៊ានអាចបម្លាស់ទីការងារក្នុងតំបន់ស្រប​តាម​ស្មារតីនៃកិច្ចព្រមព្រៀង MRA។

មកដល់បច្ចុប្បន្ននេះក្រសួងទេសចរណ៍បានបង្កើតស្តង់ដារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអាស៊ាន ហើយ​បានដាក់ឲ្យអនុវត្តនៅតាមបណ្តាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមបណ្តាសណ្ឋាគានៅកម្ពុជាតាមរយៈ​ការ​បណ្តុះ​បណ្តាលខាងក្នុង និងតាមរូបភាពផ្សេងៗទៀត។ ទន្ទឹមនឹងនោះដែរ ក្រសួងទេសចរណ៍បាន​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ានធ្វើការវាយតម្លៃសមត្ថភាពសិស្សផ្នែកទេសចរណ៍ ដែលសិក្សាស្របតាមស្តង់ដា​អាស៊ាន​ជា​ជំហានដំបូង​រួចហើយកាលពីខែមីនាកន្លងទៅ។

ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ័ គឺជាផែនការអទិភាពមួយរបស់​ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា។ ជាផែនការអនាគត ក្រសួងទេសចរណ៍ នឹងជម្រុញ​ឲ្យមានបណ្តុះបណ្តាល និងព្រឹងសមត្ថភាពដល់បុគ្គលិក ទាំងអស់ដែលបម្រើការនៅក្នុងវិស័យទេសចរណ៍​ឲ្យស្រប​តាមស្តង់ដាជាតិ និងអាស៊ាន។

 

 

Be the first to comment on "ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិអាស៊ាន ផ្នែកម្ហូបអាហារ និងភេសជ្ជៈ នៃសេវាកម្មសណ្ឋាគារ"

Leave a comment

Your email address will not be published.


*