សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១១- ឆមាស ទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦

គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ អញ្ជើញជាធិបតី និងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១១- ឆមាស ទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សាកលវិទ្យាល័យ សាលា បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្នែកឯជន យុវជន អង្គការក្រៅរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ សរុបប្រមាណ ៦០០នាក់។
អង្គសន្និបាតបានបង្ហាញអំពីលទ្ធផលការងារកន្លងមករបស់ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ក្នុងការលើកកម្ពស់ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ សំដៅឆ្លើយតបទៅនឹងតម្រូវការជំនាញក្នុងប្រទេស និងអាចបម្លាស់ទីការងារក្នុងតំបន់ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)។
ឆ្លងតាមមតិយោបល់ដែលទទួលបាន និងកិច្ចពិភាក្សាយ៉ាងផុលផុសនាអង្គសន្និបាតបានសរុបលទ្ធផល និងដាក់ចុះនូវទិសដៅអនុវត្តបន្ត នៅឆមាសមាសទី២ ឆ្នាំ២០១៦-២០១៧ និងឆ្នាំក្រោយៗទៀត សម្រាប់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដូចតទៅ៖
ទី១៖ អង្គសន្និបាតបានកោតសរសើរ និងគាំទ្រលទ្ធផលការងារ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ដែលមាននៅក្នុងរបាយការណ៍បូកសរុប។
ទី២៖ អង្គសន្និបាតឯកភាព និងគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ លើការកំណត់កាតព្វកិច្ចបណ្តុះបណ្តាល (Training Obligation) ដែលតម្រូវឲ្យមូលដ្ឋានអាជីវកម្មធ្វើការបណ្តុះបណ្តាលបំប៉នសមត្ថភាពបុគ្គលិករបស់ខ្លួនប្រចាំឆ្នាំដើម្បី ទទួលបានការបន្តអាជ្ញាប័ណ្ឌទេសចរណ៍។ អង្គសន្និបាតយល់ឃើញថា គំនិតផ្តួចផ្តើមនេះ គឺដើម្បីបង្កើនគុណភាពសេវាកម្មរបស់មូលដ្ឋានអាជីវកម្ម ពង្រឹងគុណភាពសេវាវិស័យទេសចរណ៍ ទាំងមូល ព្រមទាំងចូលរួមផ្តល់ជំនាញដល់យុវជនកម្ពុជា ស្របតាមគោលដៅយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ អង្គសន្និបាតគាំទ្រឲ្យក្រសួងទេសចរណ៍ ដាក់ចុះនូវបទដ្ឋានគតិយុត្ត កំណត់ការអនុវត្ត “កាតព្វកិច្ចបណ្តុះបណ្តាល” នេះ នៅពេលដ៏ខ្លីខាងមុខ។
ទី៣៖ អង្គសន្និបាតយល់ឃើញថា ដោយជំនាញវិជ្ជាជីវៈទេសចរណ៍ជាជំនាញជាក់លាក់ ហើយអាចបណ្តុះ បណ្តាលដល់យុវជន ដែលមានកម្រិតនៃការអប់រំខុសៗគ្នា ដូចជាសិស្សបោះបង់ការសិក្សា ពលករចំណាកស្រុកដែលត្រឡប់មកវិញ និងយុវជនស្ថិតក្នុងគ្រួសារក្រីក្រ អង្គសន្និបាតបានគាំទ្រគំនិតផ្តួចផ្តើមរបស់ គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងក្រសួងទេសចរណ៍ ក្នុងការរៀបចំយន្តការទ្រទ្រង់ដើម្បីដាក់ឲ្យអនុវត្តកម្មវិធី ឥណទានកំចីរបស់សិស្ស (Study Loan for Tourism Skills) ចាប់ពីឆ្នាំ២០១៧ តទៅ។ ក្នុងស្មារតីនេះ អង្គសន្និបាតបានស្នើសុំឲ្យភាគីពាក់ព័ន្ធដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូរអភិវឌ្ឍន៍ សាលាបណ្តុះបណ្តាល សាកលវិទ្យាល័យ សមាគមទេសចរណ៍ ម្ចាស់អាជីវកម្ម និងសមត្ថកិច្ចជាប់ពាក់ព័ន្ធ ចូលរួមជួយគាំទ្រការបង្កើត និងអនុវត្តកម្មវិធីនេះ។
ទី៤៖ ដើម្បីធានានូវនិរន្តរភាពនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ពីគ្រប់ភាគីពាក់ព័ន្ធ អង្គ សន្និបាតបានគាំទ្រ គំនិតផ្តួចផ្តើមឲ្យមានការរៀបចំបង្កើតមូលនិធិអភិវឌ្ឍជំនាញទេសចរណ៍ (Tourism Skill Development Funds) សំដៅទ្រទ្រង់ការបណ្តុះបណ្តាលបន្ត (Continuous Trainings) ដល់អ្នកកំពុងបម្រើការងារតាមមណ្ឌលអាជីវកម្មទេសចរណ៍។ មូលនិធិនេះ មានការចូលរួមពីគ្រប់ភាគី ដែលទទួលប្រយោជន៍ផ្ទាល់ពីការបណ្តុះបណ្តាល ហើយក៏ជាទម្រង់ការមួយក្នុងការជំរុញភាពជាដៃគូរដ្ឋ-ឯកជន (PPP)។
ទី៥៖ ដោយបានឃើញលទ្ធផលនៃការបណ្តុះបណ្តាលខាងក្នុង (In-House Training) របស់មូលដ្ឋានអាជីវកម្មមួយចំនួន ស្របតាមសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ អង្គសន្និបាតបានគាំទ្រ និងស្នើសុំឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ផ្តល់ការបណ្តុះបណ្តាលខាងក្នុងនេះ ដល់បុគ្គលិករបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយថែមទៀត។
ទី៦៖ អង្គសន្និបាតបានគាំទ្រគម្រោងដាក់ឲ្យអនុវត្តកម្មវិធី “វាយតម្លៃបទពិសោធន៍ពីមុន (Recognition of Prior Learning)” ដែលជាយន្តការដ៏មានប្រសិទ្ធភាពសម្រាប់លើកទឹកចិត្ត និងតម្រង់ទិសការអភិវឌ្ឍជំនាញរបស់បុគ្គលិកដែលកំពុងបម្រើការងារ តាមរយៈការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិរបស់អ្នកជំនាញទេសចរណ៍ទាំងនោះ។ កម្មវិធីនេះ នឹងចូលរួមធ្វើឲ្យអ្នកជំនាញទេសចរណ៍ កម្ពុជា មានសមត្ថភាពឆ្លើយតបទៅនឹងគុណវុឌ្ឍិអាស៊ានបានកាន់តែច្រើនឡើង។
ទី៧៖ អង្គសន្និបាតបានគាំទ្រឲ្យគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ រៀបចំប្រព័ន្ធគ្រប់គ្រង និងចេញវិញ្ញាបនបត្រ ឬសញ្ញាបត្រវិជ្ជាជីវៈ ដល់សិក្ខាកាម និងសិស្ស-និស្សិតទេសចរណ៍ ដែលបានបញ្ចប់វគ្គសិក្សាគ្រប់ទម្រង់ ដូចជា ការបណ្តុះបណ្តាលដំបូង (Initial Training) ការបណ្តុះបណ្តាបន្ត (Continuous Training) វគ្គសិក្សារយៈពេលខ្លីៗ វគ្គវិក្រឹត្យការ ឬលិខិតបញ្ជាក់លទ្ធផលវាយតម្លៃសមត្ថភាពផ្សេងៗ ដើម្បីជម្រុញការបណ្តុះបណ្តាល និងគ្រប់គ្រងគុណភាព ក៏ដូចជាការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័សដល់សាលា ឬកម្មវិធីបណ្តុះបណ្តាលទាំងអស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដ៏ខ្ពង់ខ្ពស់បំផុតថា “ត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព”។ ជាយន្តការទ្រទ្រង់មួយ អង្គសន្និបាតក៏បានគាំទ្រការដាក់ឲ្យប្រើប្រាស់ សៀវភៅជំនាញទេសចរណ៍ (Tourism Skills Passport) សម្រាប់កត់ត្រាគុណវុឌ្ឍិរបស់អ្នកជំនាញដែលបានបញ្ចប់ការសិក្សា និងវាយតម្លៃរួចហើយ។
ទី៨៖ ដើម្បីជម្រុញការអភិវឌ្ឍជំនាញទេសចរណ៍ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត អង្គសន្និបាតបានគាំទ្រ ផែនការអនុវត្តកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ។ កម្មវិធីនេះតម្រូវឲ្យមានការសិក្សាទឹស្ត្រី នៅសាលាបណ្តុះបណ្តាល និងការអនុវត្តនៅមូលដ្ឋានអាជីវកម្មទេសចរណ៍តាមរូបមន្តឆ្លាស់ពេលរៀន និងពេលធ្វើការ។ កម្មវិធីហ្វឹកហាត់ការងារ ក៏នឹងចូលរួមជម្រុញឲ្យយុវជនក្រីក្រអាចមានលទ្ធភាពធ្វើការបណ្តើរ សិក្សាបណ្តើរ ហើយទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រទទួលស្គាល់កម្រិតជាតិ និងអាស៊ាន។
ទី៩៖ អង្គសន្និបាតបានគាំទ្រយ៉ាងពេញទំហឹង លើផែនការរបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងក្រសួងទេសចរណ៍ ក្នុងការបង្កើតឲ្យមានកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍តាមស្តង់ដាអាស៊ាន នៅតាមវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ទូទាំងប្រទេស ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីបណ្តុះបណ្តាលនេះនឹងចូលរួមផ្តល់ជំនាញទេសចរណ៍ ដល់យុវជនកម្ពុជា តាំងពីការសិក្សានៅវ័យក្មេងកម្រិតវិទ្យាល័យ ហើយជាមូលដ្ឋានក្នុងការអភិវឌ្ឍអាជីពក្នុងវិស័យទេសចរណ៍ ពេញមួយជីវិត។
ទី១០៖ ដោយមានកង្វះគ្រូបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជាពិសេសនៅ
តាមតំបន់គោលដៅទេសចរណ៍ឆ្ងាយៗ អង្គសន្និបាតបានសាទរ និងគាំទ្រ ការបង្កើតឲ្យមានក្រុមគ្រូបង្រៀនជំនាញវិជ្ជាជីវៈទេសចរណ៍ចល័ត (Mobile Tourism Trainers) ដើម្បីចូលរួមធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់មូលដ្ឋានអាជីវកម្ម អ្នកបម្រើសេវាកម្ម និងប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ដែលទីនោះពុំមានសាលា ឬកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

ដើម្បីបន្តការសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត នាពេលអនាគត គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ពិតជាត្រូវការកិច្ចសហការជាមួយផ្នែកឯកជន ស្ថាប័នជាប់ពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ អ្នកជំនាញកំពុងបម្រើការងារ យុវជន និងស្ថាប័នអន្តរជាតិនានា ដោយត្រូវផ្ដោតលើការចូលរួមទាំងផ្នែកស្មារតី គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្ដែង សំដៅសម្រេចបាននូវការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ប្រកបដោយនិរន្តរភាព ឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងប្រទេស និងតំបន់ ព្រមទាំងតម្រូវការនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

 

13754501_1707856086142559_4666973341762956599_n 13781803_1707856112809223_3721372344855353017_n 13645294_1707856142809220_1704059358781020830_n 13781902_1707856159475885_8880885272705119724_n 13781879_1707856192809215_2311018872964822110_n

Be the first to comment on "សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១១- ឆមាស ទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦"

Leave a comment

Your email address will not be published.


*