សិក្ខា​សា​លា​ពិ​គ្រោះ​យោ​បល់​ ស្តីពី “យន្តការវាយតម្លៃអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន” និង “យន្តការធានាគុណភាពការបណ្តុះបណ្តាលបន្តរបស់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ” នៅសណ្ឋាគារណាហ្គាវើល ក្រោមអធិ​ប​តី​ភាព ឯក​ឧត្តម ប៉ាក់ សុខុម ​រដ្ឋ​លេខាធិ​ការ​ក្រ​សួង​ទេសចរណ៍

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “យន្តការវាយតម្លៃអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន” និង “យន្តការធានាគុណភាពការបណ្តុះបណ្តាលបន្តរបស់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ” នៅសណ្ឋាគារណាហ្គាវើល ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីដៃគូអភិវឌ្ឍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ ភាគីពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ប្រមាណជាង ៩០រូប។
សិក្ខាសាលានេះមានគោលបំណងពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រៀងយន្តការវាយតម្លៃទទួលស្គាល់អ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន និងយន្តការធានាគុណភាពនៃការបណ្ដុះបណ្ដាលខាងក្នុង (In-House Training) តាមបណ្ដារសណ្ឋាគារ ដោយគ្រូបង្គោលជាតិ ស្របតាមសារារចរណែនាំរបស់ក្រសួងទេសចរណ៍ លេខ ០០៧ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពី៏ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបុគ្គលិកកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ នៃវិស័យទេសចរណ៍។
យន្តការខាងលើរួមមានផងដែរនូវ យន្តការវាយតម្លៃបទពិសោធន៍ពីមុន (Recognition of Prior Learning : RPL) ដែលនឹងត្រូវប្រើប្រាស់សម្រាប់វាយតម្លៃសមត្ថភាពរបស់អ្នកជំនាញទេសចរណ៍ ដែលពុំទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រជំនាញទេសចរណ៍ ប៉ុន្តែមានបទពិសោធន៍ការងារច្រើនឆ្នាំ ដើម្បីធ្វើការទទួលស្គាល់ និងផ្ដល់វិញ្ញាបនបត្រ ឬសញ្ញាបត្រវិជ្ជាជីវៈ ដល់អ្នកជំនាញទាំងនោះ ស្របតាមស្តង់ដាជាតិ និងអាស៊ាន។
ជាមួយគ្នានេះផងដែរ សិក្ខាសាលាក៍បានពិគ្រោះយោបល់លើយន្តការនៃការធានាគុណភាពគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ ដែលក្រសួងទេសចរណ៍បានបណ្តុះបណ្តាលរួចហើយចំនួន ៤៦៣រូប។ គ្រូបង្គោលទាំងនេះ មានភារកិច្ចបណ្តុះបណ្តាលបន្តដល់បុគ្គលិកតាមស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងសេវាកម្មសណ្ឋាគារ ដោយប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលរបស់អាស៊ាន ក្នុងទម្រង់ជា ការបណ្តុះបណ្តាលខាងក្នុង (In-house Training)។
ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្រ្តអាទិភាពមួយ របស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅកម្ពុជា។ ក្រសួងទេសចរណ៍ បានខិតខំជម្រុញការបណ្តុះ-បណ្តាលដល់បុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាសិស្ស-និសិ្សតទេសចរណ៍ទាំងអស់ឲ្យមានចំណេះដឹង និងសមត្ថភាព ស្របតាមស្តង់ដាជាតិ និងអាស៊ាន ដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារការងារក្នុងតំបន់ និងដើម្បីត្រៀមខ្លួនចូលរួមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលនឹងប្រកាសនាពេលខាងមុខ។
សូមរំលឹកថា រហូតមកដក់បច្ចុប្បន្ន វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ ហើយត្រឹមឆ្នាំ ២០២០ ជាមួយនឹងការមកដល់របស់ទេសចរអន្តរជាតិប្រមាណពី ៧.៥ និង ៨ លាននាក់ ទេសចរណ៍កម្ពុជានឹងអាចបង្កើតការងារផ្ទាល់ប្រមាណ១លាននាក់។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្រដល់អ្នកវាយតម្លៃបង្គោលជាតិ ផ្នែកការិយាល័យជួរមុខចំនួន ២៧រូប ដែលបានបញ្ចប់វគ្គសិក្សាកាលពីខែតុលាកន្លងទៅថ្មីៗនេះ។

12234854_1625500124378156_967732059914360286_n 12247119_1625500021044833_6552304959956993187_n 12208841_1625499717711530_7316026808065284381_n 11035976_1625499647711537_2967008284062595464_n

Be the first to comment on "សិក្ខា​សា​លា​ពិ​គ្រោះ​យោ​បល់​ ស្តីពី “យន្តការវាយតម្លៃអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន” និង “យន្តការធានាគុណភាពការបណ្តុះបណ្តាលបន្តរបស់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ” នៅសណ្ឋាគារណាហ្គាវើល ក្រោមអធិ​ប​តី​ភាព ឯក​ឧត្តម ប៉ាក់ សុខុម ​រដ្ឋ​លេខាធិ​ការ​ក្រ​សួង​ទេសចរណ៍"

Leave a comment

Your email address will not be published.


*