(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ជំរុញ និងលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងក្នុងវិស័យទេសចរណ៍ ដែលជាធនធានថ្មីៗរបស់កម្ពុជា ត្រូវបង្កើនសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឲ្យបានច្បាស់លាស់ទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ជាមួយសហគ្រិនវ័យក្មេងពិភពលោក នៅឆ្នាំ២០១៧ ព្រមទាំងចូលរួមផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការត្រៀមខ្លួនរបស់សហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងសហគ្រិនវ័យក្មេងពិភពលោក ឆ្នាំ២០១៧» នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្ដមរដ្ឋមន្រ្តី បានណែនាំឲ្យសហគ្រិនវ័យក្មេង ដែលទើបដំណើរការអាជីវកម្មរបស់ខ្លួន ចូលរួមប្រកួតប្រជែងសហគ្រិនវ័យក្មេងពិភពលោក ដោយក្រសួងទេសចរណ៍ នឹងជួយសម្រួលរៀបចំឯកសារចូលរួមប្រកួត ដែលនឹងប្រកាសជ័យលាភី នាឱកាសទិវាទេសចរណ៍ ពិភពលោក នៅទីក្រុង Lucern ប្រទេសស្វីស នាខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា «ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ នឹងផ្ដល់ឱកាសឲ្យសហគ្រិនវ័យក្មេងកម្ពុជា ទទួលបាននូវគំនិតថ្មីៗ ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ព្រមទាំងចូលរួមផ្សព្វផ្សាយទេសចរណ៍ ក៏ដូចជាកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត»។
ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងផ្ដល់អ្នកជំនាញបរទេស ជួយបណ្ដុះបណ្ដាលដល់សហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍ ដែលមានតម្រូវការផ្នែកបច្ចេកទេស ក្នុងការបង្កើតអាជីវកម្មថ្មី ដោយក្រសួងទេចរណ៍នឹងអញ្ជើញអ្នកជំនាញ ជាង៧០០នាក់ ក្នុងបណ្ដាញរបស់ខ្លួន ដែលភាគច្រើនជាអ្នកជំនាញចូលនិវត្តន៍ មានបទពិសោធន៍ខ្ពស់ ក្រោមកិច្ចសហការ ជាមួយអង្គការ Swisscontact។
ឯកឧត្ដម ថោង ខុន ក៏បានដាក់អនុសាសន៍ ឲ្យមណ្ឌលអាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមអប់រំបណ្ដុះបណ្ដាលជំនាញ ដល់បុគ្គលិករបស់ខ្លួន ក្នុងទម្រង់ជួយបណ្ដុះបណ្ដាលម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រង ឲ្យមានសមត្ថភាពបណ្ដុះបណ្ដាលបន្តដល់បុគ្គលិករបស់ខ្លួន។
សូមរំលឹកផងដែរថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៥លាននាក់ ក្នុងកំណើន ៥ភាគរយ។ យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក (World Travel and Tourism Council: WTTC) ដែលបានចេញផ្សាយនៅឆ្នាំ២០១៦ បង្ហាញថា កម្ពុជាបង្កើតបានការងារដោយផ្ទាល់ និងដោយប្រយោល ប្រមាណ ២.៣លាននាក់ ពីឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍។ ដោយឡែក ការងារដោយផ្ទាល់ពីឧស្សាហកម្មទាំងពីរនេះ មានប្រមាណ ១.២លាននាក់ ស្មើនឹង ១៤ភាគរយ នៃការងារសរុប និងនាំចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណ ៣,៤០០លានដុល្លារ ស្មើនឹង ១៣.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)៕
ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យសហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបង្កើនសមត្ថភាព ដើម្បីត្រៀមចូលប្រកួតប្រជែង នៅថ្នាក់ពិភពលោក

Be the first to comment on "ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យសហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបង្កើនសមត្ថភាព ដើម្បីត្រៀមចូលប្រកួតប្រជែង នៅថ្នាក់ពិភពលោក"